(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ បានផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស TVET សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជូនដល់ក្រុង-ស្រុក ឃុំ-សង្កាត់។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងថា គោលបំណងកម្មវិធីផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងយុវជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដើម្បីទទួលបានឱកាសការងារនិងឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចិរភាព ភាពធន បរិយាបន្ន។

លោកបន្តថា គោលដៅជាអាទិភាពទី១ គឺយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គោលដៅជាអាទិភាពទី២ គឺបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធអំពីឱកាសបណ្តុះបណ្តាល និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលនេះ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភទេ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយនេះក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ងួន រតនៈ បានណែនាំដល់លោកអភិបាលរងខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ អំពីឱកាសបណ្តុះបណ្តាល និងចុះឈ្មោះចូលរៀនកម្មវិធីនេះ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីចូលរួមអនុវត្ដ និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ត្រូវធ្វើការផ្សព្វផ្សាយដល់មាតាបិតា អាណាព្យាបាលយុវជននៃគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួនឲ្យមកចុះឈ្មោះចូលរៀនមករៀនឲ្យបានទៀងទាត់ និងឲ្យចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម។

ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យគ្រប់ទម្រង់ និងរូបភាពឲ្យកាន់តែទូលំទូលាយដល់ក្រុមគោលដៅ ដើម្បីឲ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានការយល់ដឹង និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ត្រូវបង្កើតឲ្យមានយន្តការតាមដានត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ត្រូវសហការជាមួយវិស័យឯកជន ដើម្បីផ្ដល់ឱកាសដល់រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ដែលមានតម្រូវការចាំបាច់ក្នុងការបណ្ដុះបណ្ដាលកម្មករនិយោជិតរបស់ខ្លួនក្នុងចំនួនច្រើន។ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ក៏ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឲ្យបានល្អ និងធានាបាននូវការប្រឡងប្រជែងបញ្ចប់វគ្គនីមួយៗប្រកបដោយតម្លាភាពគុណភាព និងប្រសិទ្ធភាព តាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរៀនឲ្យចេះ រៀនឲ្យចប់ និងឲ្យមានការងារធ្វើ៕