(ព្រៃវែង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត។

លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន២៦ភូមិ ស្មើនឹង៤ឃុំសង្កាត់ វាស់វែងចំនួន៣៩,៦៣៥ក្បាលដី ប្រមូលទិន្នន័យបានចំនួន៣៩,៦៣៥ក្បាលដី បញ្ចូលទិន្នន័យចំនួន៣៩,៦៣៥ក្បាលដី គូរចំនួន៣៩,៦៣៥ក្បាលដី បិទផ្សាយចំនួន៣១,៩៣១ក្បាលដី ស្មើនឹង២៥ភូមិ ២១ឃុំសង្កាត់ ហត្ថលេខាចំនួន៥១,០៣៥ក្បាលដី ចែកប័ណ្ណចំនួន៣៧,៤៣៦ក្បាលដី។

លោក ចាន់ រ៉ាន់ បានថ្លែងថា ដើម្បីឲ្យការងារចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រៃវែងឲ្យទទួលបានឆាប់រហ័សតាមការកំណត់របស់ក្រសួងជូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តព្រៃវែង សូមឱ្យមន្ត្រីស្ម័គ្រចិត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់នៅបទបង្ហាញនានារបស់គ្រូរទេស ដើម្បីធ្វើយ៉ាងណាឲ្យការងារវាស់វែងដីធ្លីនេះទទូលបានលទ្ធផល និងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។

លោក សរ សុវណ្ណ បានថ្លែងថា អ្នកស្ម័គ្រចិត្តដែលបានចូលរួមក្នុងការចុះរៀបចំវាស់វែងដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តព្រៃវែងនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យការងារវាស់វែងដី ធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះឲ្យបាន ឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យគាត់បានទទួលបានទាំងអស់នោះ ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

លោកក៏បានលើកឡើងបន្ថែមទៀតថា ការងារចុះវាស់វែងដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធទាំងអស់នេះ គឺជាការងារមួយដែលមិនងាយស្រួលប៉ុន្មាននោះទេ គឺតែងតែមានបញ្ហាខ្លះសម្រាប់មន្ត្រីស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីនៅពេលដែលចុះវាស់វែងផ្ទាល់។

លោកបានបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃ នៅក្នុងទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកបានបន្តថា ដើម្បីជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។ ក្នុងការបង្កើតបន្ថែមក្រុមការងារនេះ គឺត្រូវការបន្ថែមនូវធនធានមនុស្សផងដែរ ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមានគោលការណ៍ប្រើកម្លាំងដែលមានស្រាប់តាមខេត្តនីមួយៗផង ប្រើកម្លាំងអន្តរាគមន៍ផង និងប្រើកម្លាំងពីក្រុមហ៊ុនឯកជនផង។

លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ យើងមានមន្ត្រីក្រុមការងារចំនួន១២ក្រុម និងមានមន្ត្រីសរុបចំនួន២៤៥នាក់ ក្នុងនោះមានមន្ត្រីពី មន្ទីរជនសសខេត្តផង មន្ត្រីភូមិបាលក្រុង-ស្រុកផង និងមន្ត្រីស្ម័គ្រចិត្តផង ដែលនឹងត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដើម្បីធ្វើការរួមគ្នាក្នុងក្រុមចុះបញ្ជីដី។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទ ដូចជា ក្រមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការការងារ, ការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមពីសហគមន៍ និងការរៀបចំដែនដី, ការកំណត់ព្រំ និងការវាស់វែង, ការងារវិនិច្ឆ័យ, ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)៕