(ត្បូងឃ្មុំ)៖ លោក សួន សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកគម្រោងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកវគ្គបន្តុះបណ្ដាលបំប៉នស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង៧ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ។

លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សកម្មភាព និងវឌ្ឍនភាពកន្លងមករបស់មន្ទីរក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ ក្នុងការងារនេះមានការចូលរួមពីមន្ត្រីជំនាញមន្ទីររៀបចំដែនដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក និងមន្ត្រីស្ម័គ្រចិត្តដែលបានត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដើម្បីធ្វើការរួមគ្នាជាក្រុម ក្នុងការចុះបញ្ជីដីធ្លីនេះ។

លោក ហុក ពេជ្យហោះបានឲ្យដឹងថា ខេត្តត្បូងឃ្មុំមាន៦៤ ឃុំ/សង្កាត់ ស្មើនឹង៨៦៧ ភូមិ ហើយបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដោយបានចេញប័ណ្ណកម្មសិទ្ធបានចំនួន៣៣៩,០០០ប័ណ្ណ។ បញ្ហាដីធ្លីនេះគឺត្រូវបានប្រជាពលរដ្ឋតែងតែលើកឡើងជាសំណូមពរ បញ្ហាមួយចំនួន នៅតាមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់សាធារណៈរបស់ខេត្ត និងតាមមូលដ្ឋាន ហើយរដ្ឋបាលខេត្តក៏បានខិតខំយកចិត្តទុកដាក់ពន្លឿនក្នុងការធ្វើការងារទាំងអស់នេះជូនពួកគាត់ផងដែរ។

លោក សួន សូផា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ដែលបានបំពេញការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក បើទោះបីជូបនូវឧបសគ្គយ៉ាងក៏ដោយក្តី។

លោកអគ្គនាយកបានបន្តថា វគ្គបំប៉ននាពេលនេះ អាចដំណើរការទៅបានដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រូឧទ្ទេសដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកបទពិសោធន៍ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជំរុញការបញ្ជីដីធ្លីនៅក្នុងខេត្តត្បូងឃ្មុំទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកបន្ថែមថា វគ្គបំប៉ននេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក មន្ត្រីស្ម័គ្រចិត្តដែលបានត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗបន្ថែមទៀត សម្រាប់បំពេញបន្ថែមចំពោះការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕