(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់ក្រុមអ្នកអនាម័យចំនួន១៧៦នាក់ មកពី៤អង្គភាព៖ មានមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ លើការងារផ្គត់ផ្គង់បង្គន់អនាម័យចល័ត ការសម្អាត ប្រមូលទុកដាក់ ដឹកជញ្ជូនសំរាម សំណល់រាវ និងការងារផ្សព្វផ្សាយអប់រំបរិស្ថាននៅស្ទឹងសៀមរាប។

តាមរបាយការណ៍របស់លោក ស៊ុង គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប ការធ្វើអនាម័យ បរិស្ថាន ទាំងនៅលើគោកក្នុងទឹកស្ទឹង ដើមី្បធ្វើឲ្យបរិស្ថាន អនាម័យ មានសភាពស្រស់ស្អាត ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយផងដែរ។ ក្នុងនោះដែរកម្លាំងដែលប្រើប្រាស់សរុប២៤៩នាក់ ទាំងមន្ត្រីមន្ទីរបរិស្ថាន និងក្រុមហ៊ុនបានចូលរួមផងដែរ។

លោក ប្រាក់ សោភ័ណ បានកោតសរសើរចំពោះអ្នកអនាម័យទាំងអស់ និងថ្លែងអំណរគុណដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ ដោយមិនគិតពីការនឿយហត់នោះឡើយ។ លោកក៏បានលើកឡើងពីស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាតនៅតាមដងផ្លូវនានា និងក្នុងបរិវេណនៃអង្គពិធីសំខាន់ៗ​ ដោយបានលះបង់ពេលវេលាសម្អាត មិនឲ្យប៉ះពាល់ដល់អារម្មណភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលចូលមកទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ដែលជាខេត្តមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានចារឹកទុកនៅតាមប្រាសាទ។

លោក ប្រាក់ សោភ័ណ បានបន្តថា ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ បានធ្វើឲ្យកំណើនភ្ញៀវទេសចរកើនឡើង ដែលធ្វើឲ្យកិត្យានុភាពរបស់ខេត្តកាន់តែទាក់ទាញនូវអារម្មណ៍ភ្ញៀវទេចរជាតិនិងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ ក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស។

លោកអភិបាលខេត្តបានបន្តទៀតថា ដើមី្បធ្វើឲ្យខេត្ត/ក្រុងសៀមរាបកាន់តែមានសោភណ្ឌភាពថែមទៀតនោះ គ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី «ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា»។ ទាំងអស់ត្រូវមានស្មារតីយកចិត្តទុកដាក់នៅគ្រប់វិនាទីក្នុងការរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ត្រីជំនាញនៅគ្រប់មូលដ្ឋាន និងរួមគ្នាលុបបំបាត់ការប្រើប្រាស់ «ប្លាស្ទិក» ដែលនាំធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបំពុលបរិស្ថាននៃភពផែនដីផងដែរ។

លោកក៏បានផ្តាំផ្ញើដល់អ្នកអនាម័យបរិស្ថានទាំងអស់ នៅពេលធ្វើការបោសសម្អាតនៅតាមដងផ្លូវសាធារណៈ ឬទីប្រជុំជន សូមប្រើប្រាស់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើមី្បការពារ និងរក្សាបាននូវសុភាពរបស់ខ្លួន និងសូមឲ្យបន្តចូលរួមក្នុងការធ្វើអនាម័យបរិស្ថាននៅក្នុងកម្មវិធីនៅពេលក្រោយៗទៀតផង។

អំណោយលើកទឹកចិត្តដល់ក្រុមអ្នកអនាម័យទាំង១៧៦នាក់ដោយម្នាក់ៗទទួលបានទឹកបរិសុទ្ធ១កេស ភេសជ្ជៈ១កេស និងថវិកា១០ម៉ឺនរៀល៕