(ភ្នំពេញ)៖ ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនក្រុមការងារគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់រដ្ឋបាលជលផល និ អង្គការ UNIDO នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ពិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។ ប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះគម្រោង CAPFISH-Capture ដែលទទួលបានពានរង្វាន់ GEM Award ។

លោកបានទទួលស្គាល់ថា «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយ ទុកនរណាម្នាក់ចោលឡើយ»។

លោកលើកឡើងថាអង្គការ UNIDO ពិតជាមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសសហគ្រាសជលផល MSMEs ដែលដឹកនាំដោយស្ត្រី ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍ថា «តាមរយៈការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងវិស័យជលផលនៅកម្ពុជា។»

​លោកបានសង្កត់ធ្ងន់ថាគម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FiA និង UNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង FiA។

គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជំរុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវានុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។ ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភាពយេនឌ័រដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបាន គម្រោងបានដាក់បញ្ចូលនូវវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេនឌ័រនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល។

តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោងបានផ្តល់ទាំងជំនួយបច្ចេកទេស និងសម្ភារ បរិក្ខារចាំបាច់ដល់សហគ្រាសកែច្នៃជលផលចំនួន ២៨ ដែលក្នុងនោះ សហគ្រាសដែលដឹកនាំដោយស្រ្តី មានចំនួន ២០។ ភាគច្រើននៃសហគ្រាសដែលដឹកនាំដោយស្ត្រីទាំងនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ហើយប្រព័ន្ធនែការផ្តល់វិញ្ញាបនបត្រនេះមានការលើកកម្ពស់សមភាពយេនឌ័រជាសូចនាករកំណត់មួយផងដែរ។
មន្រ្តីអធិការកិច្ចម្ហូបអាហារថ្នាក់ជាតិចំនួន ២៧ រូប (រួមមានស្រ្តី ១០ រូប) ដែលទទួលខុសត្រូវលើការផ្តល់វិញ្ញាបនប័ត្រ CQS នេះ ក៏ដូចជាអ្នកផ្តល់សេវាអភិវឌ្ឍន៍ធុរកិច្ចគាំទ្រដល់សហគ្រាស MSMEs បានទទួលការបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីផងដែរ។

ផ្អែកលើគំនិតផ្តួចផ្តើមក្នុងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យជលផលក្រោយប្រមូលផលរបស់កម្ពុជា គម្រោង មានកញ្ចប់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវចំនួន ០៨ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធក្នុងវិស័យដោយគិតគូរអំពីតម្រូវការ និងឧបសគ្គរបស់ស្ត្រីក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

គួរកត់សម្គាល់ថា ក្នុងចំណោមគម្រោងស្រាវជ្រាវទាំងនេះ មាន ០៤ គម្រោងត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវជាសស្ត្រី សហការជាមួយសាកលវិទ្យាល័យ និងវិស័យឯកជន។ បន្ថែមពីកិច្ចគាំទ្រខាងលើ គម្រោងបានគាំទ្រដល់ក្រុមស្រ្តីអ្នកកែច្នៃផលជលផលចំនួន ០៥ ដែលមានសមាជិកសរុបចំនួន ១៤១ នាក់ ដែលភាគច្រើនជាស្ត្រី។ សម្រាប់ជុំបន្ទាប់នៃកម្មវិធី VCIS គម្រោងនឹងជ្រើសរើសសហគ្រាស ២០ បន្ថែមទៀត ដោយកំណត់គោលដៅស្ត្រីជាម្ចាស់អាជីវកម្មយ៉ាងតិចបំផុត ៦០%​៕