(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងជំនួបនេះ​ក៏បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ អំពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ហេីយកម្ពុជារំពឹងថាទទួលបានកិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេស​ និងជំនួយអភិវឌ្ឍន៍​ ពីសាធារណរដ្ឋឆែកផងដែរ៕