(ព្រះសីហនុ)៖ ក្នុងថ្ងៃសម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកទស្សនា លេងកម្សាន្ដយ៉ាងសប្បាយនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន២៦២,៤១១នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៥,២៣៣នាក់ និងភ្ញៀវបរទេស ៧,១៧៨នាក់។ លោកបានបន្ថែមថា មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ៦ជើង ស្មើនឹងភ្ញៀវសរុប២៦៦នាក់។

ចំពោះភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះនានា សរុប២,៤៣១នាក់ ក្នុងនោះភ្ញៀវជាតិ ១,០៦២នាក់ និងភ្ញៀវបរទេស ១,៣៦៩នាក់។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប២៥៩,៧១៤នាក់។

លោកប្រធានមន្ទីរទេសចរណ៍ បានគូសបញ្ជាក់ថា អំពីបញ្ហាសន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ ក្នុងរយៈពេល៣ថ្ងៃនេះ ដោយមានការយកចិត្តដាក់ពីថ្នាក់ដឹកនាំខេត្ត មានលោក គួច ចំរើន ប្រធានគណៈបញ្ជការឯកភាពខេត្តព្រះសីហនុ សហការជាមួយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចុះគោលដៅត្រៀម២៤ម៉ោង/២៤ម៉ោង ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ៕