(រតនគិរី)៖ ស្របពេលដែលរដ្ឋបាលខេត្តរតនគិរី មមាញឹករៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ (២៣-២៤) ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបឹងកន្សែង ក្រុងបានលុងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជិត៦ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាពដឹកនាំផ្ទាល់ដោយ លោក ញ៉ែម សំអឿនអភិបាលខេត្ត,មានក្រុមញៀនល្បែងមួយក្រុម ឆ្លៀតឱកាសនាំគ្នាលួចបើកល្បែងស៊ីសងខុសច្បាប់ជល់មាន់ និងបាញ់អាប៉ោងត្រូវបានបង្ក្រាប។

ប្រតិបត្តិការខាងលើនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី សហការចូលរួមដោយកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានធ្វើការចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ បាញ់អាប៉ោង)មួយកន្លែងនៅចំណុចភ្នំទឹកចេញ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

សមត្ថកិច្ចអាវុធហត្ថដែលចុះប្រតិបត្តិការ បានឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសវត្ថុតាង រួមមាន មាន់ចំនួន១១ក្បាល (ងាប់ចំនួន១ក្បាល), ម៉ូតូចំនួន១៧គ្រឿង, ស៊ុមក្រុងមាន់ចំនួន១៣ស៊ុម, ហាន់តោអាប៉ោងចំនួន១, កៅអីចំនួន២០, ចានអាប៉ោងចំនួន១, ជញ្ជីងថ្លឹងមាន់ចំនួន១, រថយន្តចំនួន៦គ្រឿង និងស្កុតបិទជើងមាន់មួយចំនួន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្តី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ក្រាបសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ រួចឲ្យគាត់ត្រឡប់ទៅផ្ទះវិញ រីឯវត្ថុតាងរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី និងសំណុំរឿងកំពុងបន្តនីតិវិធី៕