(កំពង់ធំ)៖ ពិធីអុំទូកផ្កាចា នៅស្រុកស្ទោង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទាក់ទាញបានភ្ញៀវទេសចរទៅចូលរួមកម្សាន្ដប្រមាណជាង៦ម៉ឺននាក់។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការរៀបចំពិធីអុំទូក និងសំពះព្រះខែ អកអំបុកនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

កម្មវិធីដ៏ឧឡារឹកនាថ្ងៃនេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ ហើយនេះគឺជាឆ្នាំទី២ ដែលបានរៀបចំកម្មវិធីនេះ។

លោកបានបន្ថែមថា ការរៀបចំពិធីនេះធ្វើឡើងក្រោមកិច្ចសហការរដ្ឋបាលស្រុកស្ទោង ជាមួយលោក សេង រីន ម្ចាស់គម្រោងដីឡូតិ៍ KP ម៉ន ដានី ដែលបានរៀបចំនៅស្ទឹងនាងសល្ងាច ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនគម្រោងដីឡូតិ៍ kp ម៉ន ដានី ដែលបានជួយឧបត្ថម្ភ បង្កើតឲ្យមានកម្មវិធីនេះឡើង និងសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាពិសេស គឺបានរក្សានូវវប្បធម៌ប្រពៃណីរបស់ជាតិសម្រាប់ក្មេងជំនាន់ក្រោយ។

គួរបញ្ជាក់ថា ទូកដែលបានចូលរួមប្រកួតមានចំនួន៣៨ទូក ស្មើ១៩គូ និងកីឡាករ កីឡាការិនី ចំនួន៦៣៧នាក់។ ក្នុងការប្រកួតទូក បានចំណាត់ថ្នាក់លេខ១ មានចំនួន៣ទូក ចំណាត់ថ្នាក់លេខ២ មានចំនួន៣ទូក និងចំណាត់ថ្នាក់លេខ៣ មានចំនួន៣ទូក។ ចំពោះទឹកប្រាក់ដែលទទួលបានទូកលេខ១ ទទួលបាន៣០០ដុល្លារ ទូកលេខ២ទទួលបាន២០០ដុល្លារ និងទូកលេខ៣ទទួលបាន១០០ដុល្លារ និងបានឧបត្ថម្ភបន្ថែមសម្រាប់ទូកទាំង៣៨ដោយក្នុង១ទូក ទទួលបានថវិកា១០០ដុល្លារ ផងដែរ៕