(ឌូប៉ៃ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនដល់អ្នកតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឌូបៃ អំពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា និងអំពីអត្ថប្រយោជន៍ដែលរំពឹងនឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ( Cambodia-UAE CEPA) នាពេលអនាគតដ៏ខ្លី។
ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលលោកស្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឌូបៃ (Cambodia Private Commercial Center in Dubai) ដែលមានទីតាំងនៅអគារ Burj Khalifa ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌល នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងស្របពេលដែលកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រៀមអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេលខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនេះផងដែរ លោកស្រី ចម និម្មល ក៏បានអនុញ្ញាតជូនកញ្ញា Chenling Zhang អគ្គនាយិកាក្រុមហ៊ុន OneRoad គ្រុប ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកសកម្មភាពវិនិយោគ ព្រមទាំងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលកំពុងមានសកម្មភាព នៅក្នុងប្រទេសទាំងពីរផងដែរ។
សូមជម្រាបថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធទាំងស្រុង។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ងៀវទេសចរពីប្រទេសនេះបានផងដែរ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។ ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាគច្រើនជាគ្រឿងស្រវឹង និងសាច់ជ្រូក។
ចំណែកកម្ពុជា នឹងផ្តល់ទីផ្សារប្រមាណ ៩១.៦២% នៃបន្ទាត់ពន្ធសរុប ឬស្មើ១០ ៤៥៧ បន្ទាត់ពន្ធ ដល់អេមីរ៉ាតអារ៉ាប់រួម ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាផ្តល់ទីផ្សាររួមមាន៖ ប្លាស្ទិក កៅស៊ូ ផលិតផលប្រេងឆៅមួយចំនួន ក្រដាស ដែក និងដែកថែប ឧបករណ៍អគ្គិសនី យានយន្តសម្រាប់ដឹកទំនិញ ត្រាក់ទ័រ។-ល-៕