(ក្រចេះ)៖ ក្នុងឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនក៏បានទៅលេងកម្សាន្ដនៅរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានអន្លង់ផ្សោត និងរមណីយដ្ឋានទឹក ជួរកាំពី ក្នុងខេត្តក្រចេះសរុបប្រមាណជាង៣,០០០នាក់។

មន្ទីរទេសចរណ៍បានបញ្ជាក់ថា រមណីយដ្ឋានដែលភ្ញៀវទេសចរទៅទស្សនាកម្សាន្ដច្រើនជាងគេ ក្នុងចំណោមរមណីយដ្ឋាននានានៅទីរួមខេត្តក្រចេះ គឺរមណីយដ្ឋានអន្លង់ផ្សោត។ ចំពោះតំបន់រមណីយដ្ឋានអន្លង់ផ្សោត គឺភ្ញៀវទេសចរណ៍មានជម្រើសនៅក្នុងការចូលទស្សនាកម្សាន្ត ដូចជាការអង្គុយមើលទេសភាពតាមដងទន្លេមេគង្គ ឬក៏ជិះទូកទស្សនាសត្វផ្សោត និងទេសភាព នៅតាមដងទន្លេរមេគង្គ ក៏ដូចជាតាមឆ្នេរខ្សាច់ មានកោះតូចនៅកណ្តាលទន្លេនោះផងដែរ។

មន្ដ្រីបានបន្ថែមថា នៅមានភ្ញៀវដែលចូលរួមលេងកម្សាន្ត នៅតាមទីវត្តអារាមជាច្រើននាក់ ដែលមានការរៀបចំកម្មវិធីដាល់អំបុក និងពិធីកម្សាន្ដផ្សេងៗ រួមជាមួយនឹងការបណ្ដែតប្រទីប នៅតាមដងទន្លេមេគង្គ មានអ្នកចូលរួមច្រើនទៀត ប៉ុន្តែមិនបានរាប់បញ្ចូលនៅក្នុងតួលេខភ្ញៀវទេសចរនោះឡើយ៕