(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ បានចូលរួមផ្ទាល់ទស្សនាស្វែងយល់ពីបញ្ហាគ្រឿងញៀន ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់សាធារណជន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រយ:ពេល០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានរៀបចំពិធីផ្សព្វផ្សាយជាការប្រគំតន្រ្តី សំដែងរឿងខ្លី ចម្រៀង ឆ្លើយសំណួរយករង្វាន់អនុស្សាវរីយ៍ ការរាំ ច្រៀងកម្សាន្ត ការតាំងពិព័រណ៍រូបភាព និងចែកឯកសារចំណេះដឹងពីបញ្ហាគ្រឿងញៀនដែលមានសាធារណជនប្រមាណជាង១ម៉ឺននាក់បានចូលទស្សនាផ្ទាល់នៅសួនមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា សាធារណជន បានសំដែងនូវការសប្បាយរីករាយផង មានឆន្ទៈចូលរួមគាំទ្រដល់កម្មវិធីផ្សព្វផ្សាយអប់រំនេះផងតាមរយៈការបង្ហាញនូវអារម្មណ៍ពិត ការចែករំលែកនូវរឿងពិតផលវិបាកដែលមានសមាជិកគ្រួសារធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនដោយបានសំណូមពរសួមឱ្យចូលរួមសិក្សាស្វែងយល់ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីបង្ការទប់ស្កាត់ការកើតមានបញ្ហាគ្រឿងញៀនក្នុងគ្រួសារ។

លោកក៏បានបញ្ជាក់ផងដែរថា រយៈពេលបីថ្ងៃនេះដែរ មន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវជនកាយរិឬ និងកាកបាទក្រហមកម្ពុជា អង្គការកសាង KHANA បណ្តាញស្រ្តីអប់រំសហគមន៍ និង HACC សរុបចំនួន៥០០នាក់ បានដើរដង្ហែរក្បួនកាន់បដា អានសារ ចែកខិត្តបណ្ណផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនពីសួនច្បារមុខព្រះបរមរាជវាំង ទៅសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ ពិសេស នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណ ក្រសួងព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការកសាង អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធជំងឺអេដស៍ (khana) គណកម្មការសម្របសម្រួលសកម្មភាពសុខភាពសុខភាព (Hacc) បណ្តាញស្រ្តីអប់រំផ្ទាល់នៅតាមសហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអិលស៊ី (LOLC) Fresh News រួមនឹងបណ្តាញព័ត៌មានផ្សេងៗទៀត ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូក២០២៣នេះ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ។ ថ្មីៗនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំលេខ០០២ សណន ស្តីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានកាន់តែមានប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងនោះ លោកបានផ្តោតសំខាន់លើការងារអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យបានដឹង ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា៕