(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគិតចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង សរុបចំនួន ២៩,៧៩៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន២៩,៧៣៣នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន៦១នាក់។

ប្រភពពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរតាមរមណីយដ្ឋានក្នុងខេត្តពោធិ៍សាត់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាន ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៧,៨៨៧នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៧,៨៦១នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន២៦នាក់។

ប្រភពដដែលបានបន្តថា សរុបរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ សរុបចំនួន២៩,៧៩៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ២៩,៧៣៣នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៦១នាក់។

ប្រភពបានបន្ថែមថា បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២២ ភ្ញៀវមានការថយចុះ ២៥,៩៧% (ភ្ញៀវទេសចរឆ្នាំ២០២២ មានចំនួន៤០,២៥១នាក់)។ ជាមួយគ្នានោះ សភាពការណ៍ទូទៅតាមសេវាកម្ម និងគោលដៅទេសចរណ៍ប្រព្រឹត្តិទៅដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះទេ។

តួលេខភ្ញៀវទេសចរមានការថយចុះ ក៏ដោយសារតែនៅរាជធានីភ្នំពេញ មានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងតាមបណ្តាខេត្តមួយចំនួន ក៏មានរៀបចំការប្រណាំងទូករៀងៗខ្លួន។ ភ្ញៀវអាចបង្វែរទិសដៅពីការដើរលេងព្រៃភ្នំ មកដើរលេងខេត្តជាប់មាត់សមុទ្រ តាមផ្លូវល្បឿនលឿន និងទៅខេត្តសៀមរាប៕