(ភ្នំពេញ)៖ មេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក បានជួបប្រជុំគ្នានាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងតំបន់ រួមមាន អំពើឧក្រិដ្ឋកម្មឆ្លងដែន ចោរកម្ម និងបម្រែបម្រួលអាកាសធាតុជាដើម។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួល នាយឧត្តមនាវី J. C. AQILINO មេបញ្ជាការកងទ័ពប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងដោយមានការចូលរួមពីបណ្តាមេបញ្ជាការកងទ័ពនៅតំបន់ប៉ាស៊ីហ្វិក ក្នុងនោះភាគីកម្ពុជាដឹកនាំដោយ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ជាការពិត ឥណ្ឌូប៉ាស៊ីហ្វិកបានក្លាយជាតំបន់មួយដែលពោរពេញទៅសក្តានុពលទាំងវិស័យសេដ្ឋកិច្ច និងដឹកជញ្ជូន ហើយក៏ជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ និងមានភាពមមាញឹកជាងគេនៅក្នុងសកលលោក។

នាយឧត្ដមសេនីយ៍ បានបន្តថា ជាមួយសក្តានុពលដ៏សំខាន់នេះ ក៏កើតមានឡើងបញ្ហាប្រឈមមួយចំនួនដូចជា ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ចោរសមុទ្រ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ជាដើម ដែលបញ្ហាទាំងនេះទាមទារឲ្យយើងទាំងអស់គ្នាធ្វើការសហការយ៉ាងជិតស្និតដើម្បីទប់ស្កាត់ និងដោះស្រាយទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងពីជំហររបស់កងយោធពលខេមរភូមិន្ទ ក្នុងការជំរុញនិងគាំទ្រឲ្យបណ្ដាប្រទេសក្នុងតំបន់ គោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ព្រមទាំងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី ដើម្បីឲ្យតំបន់ឥណ្ឌូប៉ាស៉ីហ្វិកមានលក្ខណ:បើកចំហ បរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង៕