(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារ ដែលបានមកធ្វើការងារជាឯកជន អង្គការ ក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិក អង្គការអន្តរជាតិ នៅប្រទេសទីម័រខាងកើត។ សម្តេចតេជោថា នេះគឺជារឿងមួយនឹកស្មានមិនដល់ថា មានខ្មែរមករស់នៅ និងធ្វើការងារដល់ប្រទេស ទីម័រឡេស្តេឡើយ។
សម្តេចតេជោបន្តទៀតថា នេះសរបញ្ជាក់ឲ្យឃើញថា ធនធានកម្ពុជា បានមកបំពេញការងារនៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម។
យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថា មានខ្មែរមករស់នៅធ្វើការងារដល់ ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ធនធានកម្ពុជាបានមកបំពេញការងារ នៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ (UN) ជាដើម»។
Facebook Page ផ្លូវការសម្តេចតេជោ បន្តទៀតថា ទោះបី សម្តេចតេជោ មមារញឹករវល់នឹងកម្មវិធីជំនួបប្រជុំជាមួយប្រមុខដឹកនាំ នៃប្រទេសទីម័រឡេស្តយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ តែងតែផ្តល់ពេលវេលាឲ្យបងប្អូនយើងបានជួបជុំចែករំលែកសុខទុក្ខ និងនិងជម្រាបពីស្ថានភាពរស់នៅ របស់បងប្អូនដែរ។
សម្តេចតេជោ បានផ្តាំផ្ញើឲ្យបងប្អូនយើង គោរពច្បាប់ប្រទេសគេ និងសហការឲ្យបានល្អជាមួយរដ្ឋអំណាច នៃប្រទេសទីម័រឡេស្ត ព្រោះប្រទេសយើងកំពុងជួយជ្រោមជ្រែងប្រទេសនេះ ឲ្យឆាប់បានចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់បងប្អូនខ្មែរ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ទោះបីបងប្អូនរស់នៅប្រទេសណាក៏ដោយ។
គួរកត់សំគាល់ថា ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ជូនដល់បងប្អូនយើងដើម្បីជួយសម្រួល ដល់ជីវភាពរស់នៅ និងប្រកបការងារនៅក្នុងប្រទេសទីម័រឡេស្តនេះ៕