(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គម និយមវៀតណាម នៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់សម្តេចរដ្ឋសភាធិបតី នាពេលនេះជាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជា ជាមួយ ប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្រ្តី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ន នីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាង។

សូមជម្រាបជូនថា សកម្មភាពការងារសំខាន់ៗ នាឱកាសនេះរួមមាន៖

១៖ នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ការជួបសម្តែងការគួរសមជាមួយលោក ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សវៀតណាម, លោក វូ វ៉ាន់ធួង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញទៅទស្សនាព្រះវិហារ តាមជុក (Tam Chuc) ក្នុងខេត្តហាណាម និងទទួលជួបពិភាក្សាការងារជាមួយលេខាបក្សខេត្តហាណាមទៀតផង។ បន្ថែមពីលើនេះក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារ ជាមួយភាគីវៀតណាម មួយចំនួនទៀតផងដែរ។

២៖ នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖ ការជួបសម្តែងការគួរសមជាមួយលោក ថងលូន ស៊ីសូលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ, លោក សូនេសាយ ស៊ីផាន់ដន (SONESAY Siphandone) នាយករដ្ឋមន្ត្រីឡាវ និងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក សាយសំភូន ភូមិវិហាន (SAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ។ បន្ថែមពីលើនេះក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីឡាវ មួយចំនួនទៀតផងដែរ។

៣៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលមានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលសភា នៃប្រទេសទាំងបី ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅ ប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពស្រប តាមទស្សនៈដើមរបស់សម្ដេចតេជោ ហ៊ុន សែន៕