(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀ​បចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មានចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយវេទិកាស្វាយចន្ទី រៀបចំឡើងដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចរយៈពេល៣យប់ ៤ថ្ងៃនេះ អ្នកសារព័ត៌មាន ដែលចូលរួមនឹងបានឈ្វេងយល់ អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ និងសក្តានុពលទីផ្សារ។

ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាម «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ » ដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី។

ដោយឡែក សហភាពអឺរ៉ុបដែលជាអ្នកឧបត្ថម្ភការរៀបចំកម្មវិធីនេះ មានបំណងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងបម្រើជាសក្ខីភាពមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ស្វាយចន្ទី ដែលមានសក្តានុភាពនិងភាពរីកចម្រើន។

គោលបំណងដំណើរទស្សនៈកិច្ចសារព័ត៌មាន គឺដើម្បី៖
* ផ្តល់ការយល់ដឹងស៊ីជម្រៅអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជាដល់ក្រុមសារព័ត៌មាន ដោយធានាថា ពួកគេនឹងទទួលបានចំណេះដឹងទូលំទូលាយអំពីវិសាលភាព បញ្ហាប្រឈម និងឱកាសនៃឧស្សាហកម្មនេះ។

* ជំរុញកិច្ចសហប្រតិបត្តិការ ដោយបង្កើតបរិយាកាសសហការដែលអ្នកសារព័ត៌មាន អាចជួបប្រាស្រ័យផ្ទាល់ ជាមួយតំណាងសំខាន់ៗពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាសមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតរបស់ឧស្សាហកម្មគ្រាប់ស្វាយចន្ទី។

* លើកកម្ពស់ភាពជោគជ័យក្នុងឧស្សាហកម្ម តាមរយៈការរំលេច និងផ្សព្វផ្សាយរឿងរ៉ាវជោគជ័យ ក្នុងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី ដល់សាធារណជនក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដោយមានការសហការពីសហភាពអឺរ៉ុប។

* ផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្ដាប់ពីបទពិសោធផ្ទាល់របស់សហគមន៍ស្វាយចន្ទី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមមានកសិករ អ្នកកែច្នៃ និងអ្នកនាំចេញ។

* បង្កើនគុណភាពនៃខ្លឹមសារផ្សព្វផ្សាយ តាមរយៈការផលិតព័ត៌មានគ្រប់ទម្រង់ ទាំងអត្ថបទ សំឡេង និងវីដេអូ ដែលមានខ្លឹមសារទាក់ទងនឹងសហគមន៍គ្រាប់ស្វាយចន្ទី និងខ្សែសង្វាក់តម្លៃប្រកប ដោយប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ដែលមានសក្តានុពល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងវិស័យនេះ តាមរយៈមធ្យោបាយទំនាក់ទំនងច្បាស់លាស់និងត្រឹមត្រូវ។

កម្មវិធីនេះ ក៏នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងជាក់ស្តែង អំពីបច្ចុប្បន្នភាពនៃសកម្មភាពគម្រោង និងអន្តរកម្មរវាងភាគីពាក់ព័ន្ធទាំងអស់ ទៅដល់សាធារណជន តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយរបស់សារព័ត៌មាន។

ការរួមចំណែកដ៏សំខាន់ពីកម្មវិធីនេះ គឺការប្តេជ្ញាចិត្តកាន់តែខ្លាំងពីភាគីពាក់ព័ន្ធ ប្រតិបត្តិករអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយ លើការកែលម្អប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែង ការប្រើប្រាស់ឱកាសអាជីវកម្ម/ការវិនិយោគថ្មីៗ នៅកម្ពុជា៕