(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។

ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ បានលើកឡើងថា ក្រោយពីចូលរួមក្នុងពិព័រណ៌ការងារជាមួយ NEA ម៉ាក្រូ ទទួលបានបេក្ខជនជាច្រើនមកដាក់ពាក្យធ្វើការ តែក៏មិនទាន់គ្រប់តម្រូវការរបស់ក្រុមហ៊ុនដែលមានភាពរីកចម្រើន និងមានការគាំទ្រពី អតិថិជនមកពី គ្រប់ទិសទីនោះដែរ។ ហើយក្រុមហ៊ុននៅតែបន្តសហការជាមួយ NEA ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ថែមទៀត ពិសេសនៅក្នុងវេទិកាការងារនាថ្ងៃទី៣០ ខែវិច្ឆិកា នេះតែម្តង។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA នេះនឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើឱ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។

លោកស្រី ពេជ្រ ធីតា បានបន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើបម៉ាក្រូ ក៏នាំឱ្យមានតម្រូវការបុគ្គលិកថ្មីៗជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែក សំខាន់ៗទៀតផងដែរ។ ដូច្នេះប្រសិនបើសិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប ម៉ាក្រូ ត្រូវមានបុគ្គលិក លក្ខណៈរួសរាយ និងមានភាពស្មោះត្រង់ នឹងរៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារ។

គួរបញ្ជាក់ផងដែរថា សម្រាប់សប្តាហ៍នេះ NEA បានប្រមូល និងផ្សព្វផ្សាយឱកាសការងារនៅក្នុងប្រទេសបានចំនួនជាង ៤ ម៉ឺនកន្លែង។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕