(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជេីញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណេីតកងយោធពលខេមភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៣)។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់មេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំ០៩ និងអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន៧០នាក់ ក្នុងនោះអាវុធហត្ថពិការចំនួន០៥នាក់ សោធននិវត្តន៍ចំនួន៤៨នាក់ និងអាវុធនារី ចំនួន១៧នាក់។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដោយក្ដីនឹករលឹកជាទីបំផុត។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានលេីកឡេីងថា អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាចក្លាហាន មោះមុត និងមានគុណបំណាច់ដ៏ធំធេង ដែលបានពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
មេបញ្ជាការរូបនេះ បានបន្តថា ជាមួយនឹងគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី មរណៈ តាមរយៈការទំនុកបម្រុងឧបត្ថម្ភ និងជួយសម្រួលលេីកកម្ពស់ជីវភាពរបស់ពួកគាត់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការក្នុងម្នាក់ៗទទួលបាន៖ អង្ករទម្ងន់២៥គីឡូក្រាម, ត្រីខចំនួន០២យួរ, ទឹកផ្លែឈើចំនួន០១កេស, ទឹកសុទ្ធចំនួន០២យួរ, មីចំនួន០១កេស និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕