(កែប)៖​ គោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋាន សរុប៤២កន្លែង ក្នុងនោះចែកចេញជា​៤ប៉ូលធំៗ លើវិស័យទេសចរ មាន ក្រុងកែប ភ្នំវល្លិ៍ អង្កោល និងតំបន់កោះ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវយ៉ាងច្រេីនកុះករ ទៅធ្វេីដំណេីរកម្សាន្ត​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ​ក្នុងរយៈពេល៣ថ្ងៃ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខេត្តកែបបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ- អន្តរជាតិ ជាង៩ម៉ឺននាក់។ ដោយឡែកសម្រាប់ថ្ងៃទី២៨ ដែលជាថ្ងៃចុងក្រោយនោះ ខេត្តកែប បានទទួលអ្នកទេសចរ សរុប៣៦,៧៤២នាក់។

លោកប្រធានមន្ទីរដដែល បានបន្តថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ចំពោះស្ថានភាពទូទៅ គឺមានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ជាក់ស្ដែងធានាបានយ៉ាងល្អនូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

ម្យ៉ាងវិញទៀតដោយសារ កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មានការសាមគ្គី និងសហការគ្នាបានល្អ ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប ទាំងនេះហើយដែលធ្វើឲ្យ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានប្រព្រឹត្ត និងបញ្ចប់ទៅ ប្រកបដោយមោទនភាព និងទទួលលទ្ធផលជោគជ័យ សម្រាប់ខេត្តកែបមួយនេះ។

ចំពោះភ្ញៀវទេសចរនៅទូទាំងប្រទេស ដែលធ្វើដំណើរមកកម្សាន្ដលេងខេត្តកែប ជាពិសេសភ្ញៀវទេសចរ ដែលមកពីតំបន់ខេត្តឆ្ងាយៗ ពួកគេក៏បានលើកសរសើរមិនដាច់ពីមាត់ថា ក្នុងភូមិសាស្រ្តខេត្តកែប មានការខុសប្លែកឆ្ងាយណាស់ បើប្រៀបធៀបកាលពី ៣ទៅ៤ឆ្នាំមុន ព្រោះវាស្អាតប្លែកតែម្តង អាជ្ញាធររៀបចំកែលម្អ ក៏ដូចជាកន្លែងកំសាន្ត បានល្អ នូវទីតាំងកម្សាន្តនានា។

ដោយឡែកតំបន់ទេសចរណ៍ឆ្នេរអង្កោល ដែលជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ ទើបមានផ្លូវក្រាលកៅស៊ូថ្មីស្រឡាងមួយ គេសង្កេតឃើញ សន្ទុះភ្ញៀវទេសចរបានសម្រុកទៅលេងកម្សាន្តនៅទីនោះយ៉ាងច្រើនកុះករ ហើយតំបន់ឆ្នេរអង្កោលជាប់មាត់សមុទ្រដែលស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ មួយនេះ គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមថ្មីមួយទៀតរបស់ខេត្តកែប៕