(ភ្នំពេញ)៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាទាំងស្រុងយ៉ាងល្អប្រសើរ។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ២,០០០,០០០នាក់។

សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការ៖ លួចម៉ូតូ១លើក ករណីនេះសមត្ថកិច្ចកំពុងខិតខំធ្វើការស្រាវជ្រាវស៊ើបអង្កេត។ សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ឆាបឆេះធុងហ្គាស០១លើក មូលហេតុខ្វះការប្រុងប្រយ័ត្តក្នុងការផ្លាស់ប្តូរធុងហ្គាស បណ្តាលឲ្យរបួស០៤នាក់ (ស្រី០១នាក់) នៅគោលដៅរង្វង់មូលស្ពានកោះនរា។

លទ្ធផលកិច្ចប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ៖ កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ២០នាក់ (ស្រី០៨នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន១៣នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន០៧នាក់បន្តទៀត។

កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន២ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ៤៣នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ០២នាក់ ប្រកបដោយសុវត្ថិភាព។ សមត្ថកិច្ចគោលដៅ ក.៩.៤ បានទទួលកាបូបលុយពីប្រជាពលរដ្ឋ ០១លើក កំពុងធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់មកទទួលយកទៅវិញ។

បានចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១០គោលដៅ។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២.២៨២នាក់ (ស្រី ៣៥៦នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន០៤នាក់៕