(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លើកទី៧ បើកឲ្យបោះឆ្នោតចម្រាញ់យកជយលាភី ១០នាក់ (Top 10) នៅថ្ងៃសៅរ៍ ទី២០ ខែសីហា នេះហើយ។ សូមចូលទៅកាន់គេហទំព័រសម្តេចតេជោ ហ៊ុន សែន http://spm.samdechhunsen.gov.kh/ ដើម្បីបោះឆ្នោតគាំទ្រដល់ស្នាដៃ និងសកម្មភាពគំរូរបស់ យុវជន យុវតីកម្ពុជា។
យោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលត្រូវបានជ្រើសរើសយកមកធ្វើការប្រកួតប្រ ជែងនេះមានចំនួនសរុប២៦នាក់។ ក្នុងនោះអ្នកបង្កើតជាវីដេអូឃ្លីបមានចំនួន ៨រូប គំនូ ១រូប កំណាព្យ និងអត្ថបទមានចំនួន ១៧រូប។
យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រយៈពេលនៃការបោះឆ្នោតប្រកួតប្រជែង គឺចាប់ផ្តើមពីថ្ងៃទី២០នេះ រហូតដល់ម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។ បេក្ខជន បេក្ខនារី ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន ១០រូប នឹងយកទៅដាក់ប្រកួតប្រជែងនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែសីហា ដើម្បីស្វែងអ្នកទទួលបានជយលាភីលេខ១ (Top 1)។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» កាលពីខែមេសា ឆ្នាំ២០១៦ ក្នុងបំណងជំរុញយុវជន យុវនារី ក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើន ក្នុងកិច្ចការសង្គម។ ជាពិសេសតាមរយៈសកម្មភាពមនុស្សធម៌ របស់យុវជន យុវតីកម្ពុជា នឹងជួយជំរុញឲ្យយុវជន យុវតីដទៃទៀត រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដែលជាសកម្មភាពដ៏ល្អប្រពៃមួយនៅក្នុងសង្គម ហើយក៏ទទួលបានការគាំទ្រពីសាធារណជនទូទៅផងដែរ។
មកដល់ពេលនេះ ការប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា» ធ្វើឡើងបានចំនួន៧លើកហើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់រង្វាន់ដល់ជយលាភី ផ្ទាល់បានចំនួនពីរលើកផងដែរ។ ម្ចាស់ជយលាភីអ្នកលេខ១ ទទួលបានទូរស័ព្ទទំនើបមួយគ្រឿង បណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនទៀត។ រីឯជយលាភី៩នាក់ផ្សេងទៀត ក៏ទទួលបានបណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនផងដែរ៕