(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីន និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្ដទៅមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋប្រមាណ ៩,៦១៥នាក់ បានទទួលសេវាសុខាភិបាល នៅតង់សុខភាពនីមួយៗ ដែលក្រសួងសុខាភិបាល បានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីតៀមក្នុងការផ្តល់សេវាសុខាភិបាលដោយឥតថ្លៃជូនប្រជាពលរដ្ឋ។

ក្នុងចំណោមប្រជាពលរដ្ឋជាង៩ពាន់នាក់ខាងលើ ដែលបានមកទទួលសេវាសុខភាព គឺមានប្រភេទជំងឺ ដូចជា ផ្ដាសាយ ហៀរសំបោ គ្រុនក្ដៅ ឈឺក្បាល ចុកពោះរាក រាកមួលឈាម លើសឈាម ឈឺភ្នែក អស់កម្លាំង ខ្យលចាប់ សង្គ្រោះបឋម របួស គ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា ក្រសួងសុខាភិបាល បានរៀបចំបោះតង់សុខភាពចំនួន ១៥កន្លែង (នៅតាមទីតាំងផ្សេងៗគ្នា) ជាមួយក្រុមគ្រូពេទ្យប្រចាំការផ្តល់សេវាថែទាំសុខភាព និងសង្គ្រោះបឋម ២៤ម៉ោង។ នៅទីតាំងនីមួយៗបានបំពាក់ QR កូដ អាចស្កេនរកលេខទូរស័ព្ទទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យបានយ៉ាងស្រួល។

ក្រៅពីនេះមានរថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង រថយន្តគិលានសង្គ្រោះចំនួន ៥០គ្រឿង បានប្រចាំការតាមគោលដៅក្នុងផែនការ តែជាក់ស្តែងគឺ ៥៤គ្រឿង ៣៦គ្រឿងបានប្រចាំការតាមគោលដៅតង់ និងដងផ្លូវសំខាន់ៗ១៨គ្រឿង មកតាមទូក បានកំពុងប្រចាំការនៅទីកន្លែងស្នាក់នៅរបស់កីឡាករប្រណាំងទូក រថយន្តគិលានសង្គ្រោះចំនួន ១៦គ្រឿង (បម្រុងក្នុងករណីចាំបាច់) នឹងចល័តទៅជួយផងដែរ៕