(កំពត)៖​ រមណីយដ្ឋានចំនួន​ ៣៦កន្លែង និងចែកចេញជា ៤តំបន់ គឺតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ ចំការម្រេច​ (ឃុំកូនសត្វ) និងតំបន់ទំនប់ម្លេច​ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវយ៉ាងច្រេីនកុះករទៅធ្វេីដំណេីរកម្សាន្ត​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ​ក្នុងរយៈពេល៣ថ្ងៃនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត  បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែសម្រាប់ខេត្តកំពត ចំពោះស្ថានភាពទូទៅ មានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ គឺធានាបានយ៉ាងល្អនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ខណ:អ្នកទេសចរណ៍ មកកំសាន្តលេង ប្រមាណ ៥៥.៣៩៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥៤.៤៦២នាក់ និងភ្ញៀវអន្តរជាតិ ៩៣៦នាក់។

តាមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានតំបន់គោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៣៦កន្លែង និងចែកចេញជា ៤តំបន់ គឺតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ ចំការម្រេច(ឃុំកូនសត្វ) និងតំបន់ទំនប់ម្លេច។ តំបន់ទឹកឈូ មានភាពទាក់ទាញជាងគេ ដោយសារតែទីតាំងនៅជិតក្រុង សម្បូរមណីយដ្ឋាន បឹងហ្គាឡូ រីស៊តស្អាតៗ សម្បូរផ្លែឈើធម្មជាតិ មានទេសភាពភ្នំ និងទឹកព្រែកធម្មជាតិអាចងូតលេងកម្សាន្តបាន៕