(ព្រៃវែង)៖ នាយរដ្ឋមន្រ្តីស្តីទី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញទៅអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមទាំងសមត្ថកិច្ចផងនោះ បន្តទប់ស្កាត់និងបង្ក្រាបបញ្ហាគ្រឿងញៀន កាន់តែខ្លាំងឡើងជាពិសេសការចរាចរគ្រឿងញៀននៅតាម សាលារៀន។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋប្រកបដោយ ភាពយុត្តិធម៌។
នៅព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៦សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសមិទ្ធផល នានាក្នុងវត្តមេសាងស្ថិតនៅ ភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងការកោតសរសើរចំពោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង លើកិច្ចការងារ សន្តិសុខនៅក្នុងខេត្តមានលក្ខណះល្អប្រសើរ។
សម្តេចក្រឡាហោម «បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ខិតខំបន្តទៀត និងសូមឲ្យគណៈបញ្ជាការ គ្រប់គ្រងបញ្ហា គ្រឿងញៀនឲ្យបាន ជាពិសេសតាមសាលារៀន ត្រូវបង្ការទប់ស្កាត់នូវការចរាចរគ្រឿងញៀន ជាពិសេសលើកកម្ពស់ការផ្តល់សេវា ការដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ផ្អែកលើភាពយុត្តិធម៌ ត្រឹមត្រូវ»។
សម្តេចក្រឡាហោម ក៏បានណែនាំដល់មន្រ្តីទាំងអស់ត្រូវចាត់ខ្លួនឯង ជាអ្នកបំរើរាស្រ្តមិនមែនជាចៅហ្វាយរាស្រ្តនោះទេនិងសូមមន្រ្តី ទាំងអស់ត្រូវប្រកួតប្រជែងគ្នា ក្នុងការបំរើប្រជាពលរដ្ឋ៕