(តាកែវ)៖ លោកស្រីឧកញ៉ាចិត្តធម៌ សេង សុវីរដ្ឋា រួមទាំងស្វាមីបានឧបត្ថម្ភថវិកាជូនដល់បុរសកំសត់ ឈ្មោះ កេត កែវ អាយុ៤៦ឆ្នាំ ដែលកំពុងមានជីវភាពទីទាល់ក្រតោកយ៉ាកគ្មានផ្ទះសម្បែង ហើយបានជួបទុក្ខជាទំងន់ថែមទៀតដោយកូនត្រូវបានស្លាប់ ខ្លួនក៏មានជំងឺប្រចាំកាយហើយគ្មានលុយសូម្បីតែមួយរៀលសម្រាប់ធ្វើបុណ្យសពកូន។
អំណោយជាថវិកាចំនួន ២លានរៀលនេះត្រូវបានលោក គ្រួច វណ្ណា ភ្នាក់ងារព័ត៌មានFresh News បាននាំយកទៅប្រគល់ជូនលោក កេត កែវ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោកស្រីឧកញ៉ា សេង សុវីរដ្ឋា បានឱ្យដឹងថា បន្ទាប់ពីបានឃើញការបង្ហោះរបស់ភ្នាក់ងារសារព័ត៌មាន Fresh news ពីទុក្ខលំបាករបស់លោក កេត កែវ ដែលកំពុងជួបទុក្ខជាទំងន់ដោយត្រូវជួបនូវរឿងអកុសលផ្ទួនៗបែកបាក់គ្រួសារកូនមកធ្វើការនៅភ្នំពេញត្រូវគេចាប់ដាក់គុកជិត២ឆ្នាំ ឥឡូវស្លាប់បាត់ទៀត ជីវិតក្រលំបាកតោកយ៉ាកគ្មានផ្ទះសម្បែងរស់នៅគ្រែ១ប្រកតង់ អាស្រ័យលើដីអ្នកភូមិនិងគ្មានថវិកាសម្រាប់ធ្វើបុណ្យឱ្យកូនសូម្បីតែមួយរៀល ឯខ្លួនក៏មានជំងឺប្រចាំកាយទៀត។
លោកស្រីឧកញ៉ា ក៏កើតសេចក្តីអាណិតអាសូរជាពន់ពេកក៏បានបរិច្ចាគថវិកាដែលជាធនធានផ្ទាល់ខ្លួនជូនទៅបុរសកំសត់រូបនោះដើម្បីទិញក្តាម្ឈូស និងធ្វើពិធីបុណ្យសពឱ្យកូនប្រុសរបស់គាត់ហើយនៅសល់មួយចំនួនដើម្បីចាត់ចែងជួលគេអារដើប្រេងខ្យល់ដែលអ្នកភូមិបរិច្ចាគដើម្បីធ្វើកូនផ្ទះតូចមួយសម្រាប់ស្នាក់នៅផងដែរ។
លោក កេត កែវ ក្រោយទទួលបានអំណោយភ្លាមដោយចិត្តរំភើបក្តុកក្តួលរហូតស្រក់ទឹកភ្នែកនិងលើកម្រាមដៃ១០ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាករុណារបស់លោកស្រីឧកញ៉ា និងស្វាមី ដែលបានជួយគាត់ក្នុងគ្រាជួបទុក្ខនិងខ្វះខាតជាយ៉ាងខ្លាំងនេះផងដែរ៕