(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ចំនួន០៣ថ្ងៃ ដើម្បីចូលរួមវេទិកាធុរកិច្ចមុស្លិមជាសាកល នៅថ្ងៃទី២៨ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋសារ៉ាវ៉ក់ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ នវានុវត្តន៍ និងបម្រែបម្រួលក្នុងសេដ្ឋកិច្ចឥស្លា។

វេទិកាធុរកិច្ចមុស្លិមខាងលើ រៀបចំដោយរដ្ឋសារ៉ាវ៉ក់ សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក, បណ្តាញក្រុមហ៊ុនឯកជនម៉ាឡេស៊ី (Think Tank), សភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងកសិកម្មអន្តរជាតិ (ICCIA) ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងមូលនិធិ Global One Foundation នៃប្រទេសអង់គ្លេស។

វេទិកានេះក៏មានការចូលរួមពីប្រមុខដឹកនាំ នៃបណ្តាប្រទេសឥស្លាមជាច្រើនរូប ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងបណ្តាប្រទេសដែលចូលរួម ជំរុញគំនិតផ្តួចផ្តើម និងកម្មវិធីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គម សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សហគ្រិនភាព ធុរកិច្ច និងការវិនិយោគ៕