(ភ្នំពេញ)៖ ជនដែលវាយសន្តិសុខម្នាក់ មួយពិលបណ្តាលឲ្យបែកក្បាល ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលទៀតនោះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ និងបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា បុគ្គលឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ដែលមន្ត្រីយោធារូបនេះ អាងអំណាច អាងបុណ្យស័ក្តិរបស់ខ្លួន ទៅផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរងគ្រោះ ព្រមទាំងជេរប្រមាថ និងគំរាមបាញ់ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ទៀតផង។

តាមសេចក្តីរាយការណ៍មួយចំនួន ពីអ្នកដែលធ្លាប់ស្គាល់ជននេះ បានឲ្យដឹងថា កន្លងទៅជននេះធ្លាប់បង្កបញ្ហា និងប្រព្រឹត្តបទល្មើសហិង្សាជាច្រើន ប៉ុន្តែមិនមាននរណាម្នាក់អាចធ្វើអ្វីទៅលើជននេះបានឡើយ ដែលធ្វើឲ្យជននេះរឹតតែបានចិត្ត ហើយប្រើអំណាចគាបសង្កត់គេឯង។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការចាត់វិធានការយ៉ាងតឹងរឹងបំផុត ខណៈដែលសាច់ញាតិរបស់ជនបង្កកំពុងស្វែងរកការអន្តរាគមន៍ ចង់ឱ្យដោះលែងជនបង្កឱ្យនៅក្រៅឃុំ។

គួរជម្រាបថា ជនដែលបបង្កអំពើហិង្សាលើសន្តិសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយជនបង្ករូបនេះបានប្រើហិង្សាដោយ វាយសន្តិសុខមួយពិល បណ្តាលឱ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនបង្ករូបនេះ បានធ្វើឡើងក្រោយវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យបែកមុខ រួចជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។ មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលទៀតផង ទាំងអការៈស្រវឹងទ្រេតទ្រោត និងទូរស័ព្ទហៅខាងនគរបាលព្រហ្មទណ្ឌមកជួយទៀត។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យរូបនេះមាន ឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរជាសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១៖០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជនបង្កខាងលើនេះ មកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។

បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខ ដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។

ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេងបណ្តាលឲ្យរបួសបែកចេញឈាម។

ក្រោយពីកើតហេតុ ជនរងគ្រោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ និងគំរាមបាញ់ទៅលើសមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត៕