(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃទី៣ នៃព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំយកថវិកាសម្តេចពិជ័យសេនា ទៀ បាញ់ ចំនួន១០លានរៀល ឧបត្ថម្ភទូកង កំពូលពេជ្រ ទៀ បាញ់ សែនជ័យ ដែលបានមកចូលរួមក្នុងពិធីអុំទូកនៅមុខព្រះបរមរាជវាំងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវជូនចំពោះប្រធានដឹកនាំក្រុមកីឡាករទូកង កំពូលពេជ្រ ទៀ បាញ់ សែនជ័យ ព្រមទាំងក្រុមកីឡាករទាំងអស់ ដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ នៅក្នុងឱកាសនេះ ក៏មានការអមដំណើរពីលោក ខៀវ ឆេន និងលោក ជា វណ្ណា ព្រមទាំងសហការីផងដែរ។

លោក សៀក សុជាតិ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានក្រុមដឹកនាំកីឡាករទាំងអស់ ព្រមទាំងសហការី ដែលបានប្រកួតក្នុងរយៈពេល២ថ្ងៃដណ្តើមបានជោគជ័យជាបន្តបន្ទាប់។

លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាព និងដោយការដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទ និងសប្បុរសជននានា ក្នុងការប្រកួតទូកថ្ងៃនេះ នឹទទួលបានជោគជ័យបន្ថែមទៀត។

ក្នុងឱកាសនោះ លោក សៀក សុជាតិ បានស្នើប្រធានក្រុមការងារដឹកនាំកីឡាទូកង និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់អាហារសម្រាប់កីឡាករ ឲ្យបានល្អប្រសើរតាមការឧបត្ថម្ភរបស់សម្ដេចពិជ័យសេនា និងសប្បុរសជននានា។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល បានដែលបានកំណត់៕