(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើកបណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៥នាក់ និងរបួសស្រាល១នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១១គ្រឿង រួមមាន ម៉ូតូ ចំនួន៣គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង យានផ្សេងៗ ចំនួន២គ្រឿង និងអ្នកថ្មើរជើង៣នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់) , ស្រវឹង១លើក (ស្លាប់២នាក់) , និងប្រជែងគ្រោះថ្នាក់១លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់ (ថ្ងៃ)។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៣៧៣២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៥២៦គ្រឿង និងពិន័យសរុប ចំនួន២២០៦គ្រឿង៕