(ព្រះសីហនុ)៖ នៅតំបន់មាត់សមុទ្រនាខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល តែម្តង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ស្ថានភាពខ្យល់ និងរលកនៅបន្តបោកបក់ ពីមធ្យមទៅខ្លាំងដដែល ដូច្នេះសមត្ថកិច្ចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ មេឃងងឹត ភ្លៀងធ្លាក់ច្រើន កម្លាំងខ្យល់បក់កន្រ្តាក់ម្តងៗ មានជាមធ្យម និងទឹករលកយោលមធ្យមនៅចន្លោះឃ្លង។ នៅឆ្នេរអូឈើទាល ខ្សល់បក់និងទឹករលកមានជាមធ្យម ហើយអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហស័»។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃម្សិលមិញ រលកសមុទ្រ បានបោកបក់មកលើប្រជាពលរដ្ឋដែលកំពុងលេងទឹក នៅឆ្នេរអូរឈើទាល បណ្តាលឲ្យឈ្លក់ស្លាប់ម្នាក់ ដែលគេដឹងថា ជាកូនអ្នកមាននៅខេត្តកំពង់ចាម និងមនុស្សមួយទៀតត្រូវបានជួយសង្គ្រោះទាន់៕