(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីរាយ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាប្រពៃណីទំនៀមទំលាប់បន្សល់ទុកតាំងពីដូនតាមក រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានពិធីអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ នាពេលរាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំថោះព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញ ជាលើកដំបូងផងដែរ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្រោយខកខានមិនបានប្រារព្ធធ្វើឡើងរយៈពេល ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា នេះក៏ជាព្រះរាជពិធីមួយ ដែលប្រារព្ធនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។

ចំពោះគ្រឿងរណ្តាប់សំខាន់ ដែលគេយកមកប្រើ ក្នុងពិធីអកអំបុកមាន៖អំបុក, ចេកទុំ, ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការះបូជាមួយចំនូនទៀត។ ពិធីនេះភាគច្រើនគេប្រារព្ធឡើង នៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះច័ន្ទរះ ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។

សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះច័ន្ទរះពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាល ទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្រ័ អកក្នុងភាពសប្បាយរីករាយ។

មុនអកអំបុក គេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចម្រុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វ ដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ ក្រុមព្រាហ្ម ក៏ចាប់ផ្តើមសន្យាថា នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិ៍សត្វ នៅពេលព្រះចន្ទ័ពេញបរមី នាថ្ងៃ១៥កើត ខែកត្តិក ដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះ ក្នុងរង្វង់ព្រះខែ។

យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ពីប្រវត្តិ នៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិ៍សត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិ៍សម្ភារ ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕