(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យស្ថានភាពការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

មិនខុសពីយប់ថ្ងៃទី១នោះទេ ពោលនៅយប់ថ្ងៃទី២នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាដើរលេងកម្សាន្តនៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយការប្រគុំតន្ត្រី និងការសម្តែងទស្សនីយភាពផ្សេងៗ ដែលបង្កការសប្បាយរីករាយយ៉ាងខ្លាំង។

ជាមួយគ្នានេះ កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕