(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តចុះយុទ្ធនាការត្រួត ពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីតាំងនៅមុខបរិវេណសួនច្បារផ្សារចាស់ ផ្សាររាត្រី និងសួនច្បារត្រើយខាងកើត ជ្រោយចង្វារ លើស្តង់លក់ និងកន្លែងលក់រាយ ។
ការត្រួតពិនិត្យនេះ ធ្វើឡើងដោយមាន នាយកដ្ឋាន មន្ទីរពិសោធន៍ និងសាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុៈត្រួតពិនិត្យ និងពិសោធន៍លើរថយន្តចល័តតែម្តង ក្នុងគោលបំណងដើម្បីទប់ស្កាត់ បង្ការ ការលក់ចែកចាយម្ហូបអាហារណាមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបហួសកាលបរិច្ឆេទ ប្រើប្រាស់ និងម្ហូបអាហារ មិនមានអនុលោមភាព។ ជាលទ្ធផលនៃការត្រួតពិនិត្យ ចំណោមគំរូផលិតផល ម្ហូបអាហារដែលបានវិភាគចំនួន ១៥គំរូ គឺមានអនុលោមទាំងអស់រួមទាំងការ ត្រួតពិនិត្យកាលបរិច្ឆេទ ប្រើប្រាស់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបាន យល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។ ដោយឡែក នៅថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារ ក.ប.ប. នឹងបន្តត្រួតពិនិត្យ ស្តង់សួនច្បារមុនវត្តបុទម និងនៅទីតាំងផ្សេងទៀត នៃតំបន់ប្រារព្វពិធី ។
សូមបញ្ជាក់ថា ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើងដោយមានការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ៕