(ភ្នំពេញ)៖ បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំងនគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរបរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ចគ្រប់ៗគ្នា។

តាមរយៈរូបភាពប្រកបដោយវិន័យសណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និងស្នាមញញឹមព្រមជាមួយកាយវិកាបង្ហាញនូវមនោសញ្ចេតនាស្និទ្ធស្នាលទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា បើទោះបីជានឿយហត់ប៉ុណ្ណា លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារយ៉ាងណា ក៏សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នានៅតែ មានមោទកភាពនិងភាពសប្បាយរីករាយយ៉ាងពិតប្រាកដ។

លើសពីនេះទៅទៀត សំណេរ និងរូបភាពទាំងនេះ ក៏បានបង្ហាញឲ្យឃើញនូវតថភាពសង្គមជាក់ស្តែងដែលមិនអាចក្រឡៃបាន ស្តីពីការរីកចម្រើនរបស់ប្រទេសជាតិនិងសុខដុមរមនាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដូចគ្នាផងដែរ៕