(យង់ហ្គូន)៖ យ៉ាងហោចណាស់មនុស្សចំនួន១០១នាក់បានស្លាប់ ដោយសារការផ្ទុះគ្រាប់មីន ក្នុងរយៈពេល១៨ខែកន្លងទៅនេះ ដោយគិតចាប់តាំងពីដើមឆ្នាំ២០១៥។ នេះបើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។
ភាគច្រើននៃអ្នកស្លាប់ដោយសារគ្រាប់មីន គឺនៅក្នុងខេត្ត Kachin ដោយមានមនុស្ស៧៤នាក់, បន្ទាប់មកគឺខេត្ត Shan មានអ្នកស្លាប់១៤នាក់ និងខេត្ត Chin មានអ្នកស្លាប់១១នាក់។ បញ្ជីនៃអ្នកស្លាប់ដោយសារគ្រាប់មីននេះ ត្រូវបានចងក្រងដោយក្រសួងសុខាភិបាល តាមរយៈរបាយការណ៍ពីមន្ទីរពេទ្យ នៅទូទាំងប្រទេស។
បុគ្គលិកជំរុំជនភៀសខ្លួនក្នុងតំបន់មួយចំនួនបានឲ្យដឹងថា ក្រុមអ្នកភូមិដែលប្តូរទីលំនៅក្នុងតំបន់ មានការភ័យខ្លាចក្នុងការវិលត្រឡប់ មកកាន់ផ្ទះរបស់ខ្លួនវិញ ដោយសារភូមិដែលពួកគេរស់នៅ មិនទាន់សម្អាតគ្រាប់មីនអស់នៅឡើយ៕