(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការពង្រឹងយន្តការថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ការដាក់ចេញវិធានការនេះធ្វើឡើតាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

* ធានារក្សាឱ្យបានសុខសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍។

* ត្រូវធ្វើការស្រាវជ្រាវឱ្យដល់ឫសគល់ដើម្បីរកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ជនសង្ស័យដែលបានប្រព្រឹត្តិបទឧក្រិដ្ឋដើម្បីបង្កក់ទុក។

* ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវបើកការស្រាវជ្រាវអោយដល់ឫសគល់នៃប្រភពអាវុធ ចំពោះជនសង្ស័យមានអាវុធ តើអាវុធនោះបានមកពីណា? ឬ ទិញដូរពីណា? និងត្រូវតែបំផ្លាញចោលក្រុមឧក្រិដ្ឋជនណា ដែលមានប្រើប្រាស់អាវុធជាតិផ្ទុះ បង្កហានិភ័យក្នុងខេត្តព្រះសីហនុ ទោះជាជនជាតិណាក៏ដោយ មិនត្រូវលើកលែងដាច់ខាត។

* ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងរដ្ឋបាលក្រុង ស្រុក ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីស្ថាប័នអយ្យការ ត្រូវសហការស្រាវជ្រាវរកបទល្មើសទាក់ទងនឹងករណីបង្ខាំងមនុស្ស ការដកហូតយកលិខិតឆ្លងដែន និងទីតាំងក្រុមហ៊ុនដែលជួលជនប្រទេសមកធ្វើការដោយខុសច្បាប់ ជាពិសេសជនបរទេសដែលមានចេតនាបង្កើតបណ្តឹងក្លែងក្លាយ ដើម្បីផាកពិន័យ និងអាចឈានដល់ការឃុំខ្លួនចំនួន១៥ថ្ងៃ តាមការកំណត់នៃច្បាប់មុននឹងធ្វើការបណ្ដេញចេញទៅប្រទេសកំណើតវិញ។

* ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបង្កើនប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។

* ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ហាការដ្ឋានកងរាជខេត្ត ត្រូវបន្តអនុវត្តវិធានការចុះត្រួតពិនិត្យចល័តជាប្រចាំ។

*គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបន្តយកចិត្តទុកដាក់ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើរដ្ឋបាលចំហរជាប្រចាំ។

* ពន្ធនាគារខេត្ត ត្រូវធ្វើការគ្រប់គ្រងឱ្យបានច្បាស់លាស់ហ្មត់ចត់ ចំពោះមុខសញ្ញាជាឧក្រិដ្ឋជនឃោរឃៅធ្ងន់ធ្ងរដលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងត្រូវរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់គ្រប់ពេលវេលាដែលមានការប្រែប្រួល។

* ចំពោះការចែករំលែករូបភាពអំពើហិង្សាឃោរឃៅ និងព័ត៌មានឧក្រិដ្ឋកម្មត្រូវចាត់ទុកជាវិន័យមួយរបស់កងកម្លាំង ដោយត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់នូវការចែករំលែកព័ត៌មានទាក់ទងនឹងបទល្មើសឧក្រិដ្ឋ ដែលមិនទាន់បង្ក្រាបបានទាំងស្រុង ដាច់ខាតកុំឱ្យមានការបែកធ្លាយធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវបទល្មើសទាំងនោះ។ ស្ថាប័នមានសមត្ថកិច្ចត្រូវធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជនបានជ្រាប នៅពេលដំណើរការនៃការស្រាវជ្រាវករណីបទល្មើសត្រូវបានបិទបញ្ចប់។

* មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវរៀបចំធ្វើពិធីសាសនាបួងសួងសុំសេចក្តីសុខ នៅទីតាំងដែលឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដើម្បីធ្វើការផ្សព្វផ្សាយ និងក្រើនរំលឹកដល់អ្នកធ្វើដំណើរ តាមដងផ្លូវឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

* សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ផ្ដល់ព័ត៌មាន អំពីការប្រព្រឹត្តអំពើហិង្សា ការកាន់កាប់អាវុធខុសច្បាប់ ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។

* កងកម្លាំងមានសមត្ថកិច្ចត្រូវចុះប្រតិបត្តិការស្រាវជ្រាវបន្ទាន់ និងត្រូវរក្សាការសម្ងាត់ជូនប្រជាពលរដ្ឋណាដែលបានផ្ដល់ព័ត៌មានទាក់ទងនឹងបទល្មើសទាំងនោះ៕