(បរទេស)៖ ក្រុមកីឡាករវាយកូនបាល់អ៊ីតាលី បានសាងកំណត់ត្រាឈ្នះជើងឯក Davis Cup ជាលើកដំបូង ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេល ៤៧ឆ្នាំមកនេះ។

កន្លងមក ក្រុមនៅអឺរ៉ុបមួយនេះ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៤លើកផងដែរ គិតចាប់តាំងពីឆ្នាំ១៩៧៦ មក មុនឈ្នះជើងឯក Davis Cup លើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៣ នេះ ដែលបានផ្តួលគូប្រជែងអូស្រ្តាលី ពីក្នុងវគ្គដណ្តើមពានប្រចាំឆ្នាំនេះ នៅឯទីលានដែលស្ថិតក្នុងទីក្រុង Malaga នៃប្រទេសអេស្ប៉ាញ។

ចំណែកឯក្រុមនៅអាស៊ី អូស្រ្តាលីបានបន្តបរាជ័យ ក្នុងការព្យាយាមឈ្នះពាន Davis Cup ជាលើកទី២៩ របស់ខ្លួនថែមទៀត ដ្បិតកាលពីឆ្នាំទៅ ក៏បានចាញ់កាណាដាក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ ស្របពេលអ៊ីតាលីបានឈានដល់វគ្គដណ្តើមពានបែបនេះគម្រប់លើកទី៨ ទម្រាំធ្វើបានសម្រេចនាពេលនេះ ជាមួយនឹងការបង្ហាញទម្រង់យ៉ាងល្អពីសំណាក់កីឡាករ Sinner ថែមទៀតផង។

Sinner ដែលមានវ័យទើបតែ ២២ឆ្នាំផងនោះ បានលេងចាញ់តែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៣ប្រកួតនាឆ្នាំ២០២៣ នេះ ដោយបានគ្រងតំណែងជើងឯក Montpellier, Toronto, Beijing និងពាន Vienna រួមទាំងការយកឈ្នះកីឡាករឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Novak Djokovic ថែមទៀតផង៕