(ភ្នំពេញ)៖ នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១ ២០០ ០០០នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនោះកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ ក្នុងរយៈពេល៣ថ្ងៃនេះ៕