(រកាខ្នុរ-ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា និងលោកជំទាវ ព្រមទាំងក្រុមញាតិគ្រួសារបាន ដង្ហែរអង្គកឋិនទានទៅវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តហ្លួងរកាខ្នុរ ហៅវត្តកណ្តាល ស្ថិតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ  នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅវត្តហ្លួងរកាខ្នុរនាពេលនោះ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពបុណ្យកឋិនទាននេះដែលបានធ្វើតាំងពីសម័យពុទ្ធកាលដែលការប្រារព្ធធ្វើមានរយៈពេល២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ២៥កើត ខែកក្តិក ហើយដែលពុទ្ធបរិស័ទបាននាំយកស្បង់ត្រ័យរួមទាំងទេយ្យវត្ថុចាំបាច់ផ្សេងទៀតទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តមិនបាននិមន្តទៅណានារដូវចូលវស្សានេះ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី និងលោកជំទាវ បានវេប្រគេនបច្ច័យសង្កត់ត្រៃយ៍ ដែលជា ការចូលរួមដោយសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យកឋិនសាមគ្គីពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់សរុបចំនួន ១០៨លានរៀល សម្រាប់ជាប្រយោជន៍ទ្រទ្រង់ការកសាងសមិទ្ធិផលនានក្នុងវត្ត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ព្រះសង្ឃ  ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរដែនដី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាការពារសន្តិភាព វឌ្ឍនភាព និងវិបុលភាព ប្រទេសជាតិសម្រាប់កូនចៅជំនាន់ក្រោយតរៀងទៅ៕