Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀល ដល់ទូកខេត្តត្បូងឃ្មុំ ចំនួន១០ទូក ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

26-11-2023 19:39

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភ ថវិកា ដល់កីឡាអ្នកប្រណាំងទូកចំនួន ២លានរៀល ក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំ មានចំនួន១០ទូក បានមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាសម្រាប់ទូក ខេត្តត្បូងឃ្មុំ ដែលបានមកចូលរួមប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះរួមមានដូចជា៖ ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ, រកាខ្នុរសែនជ័យសេរីឧត្តម, មហាគ្រុឌ, នាគវ័ន្ត, ខេមរាមានជ័យ, អគ្គីនេត្រសែនជ័យ, ខ្លែងសែនជ័យ, អាវ័យរាព៌ណត្បូងឃ្មុំ និងជប់ចាន់សែនជ័យ ជាដើម។

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះ បានប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីបុណ្យអុំទូកនេះមានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន១៥៨ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២,០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប២៥។ ទន្ទឹមនេះសម្រាប់ប្រទីបមានចំនួន៣០ ក្នុងនោះ មកពីក្រសួង និងស្ថាប័នរដ្ឋចំនួន២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕