(ភ្នំពេញ)៖ សុវត្ថិភាពម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហេតុនេះដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។

ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ នៃការរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូ ទំនិញម្ហូបអាហារ ចំនួន៣៨មុខ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក គុយទាវ មី សាច់មាន់ស្លាបមាន់អាំង ប្រហិត ជ្រក់ ជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ វិភាគនៅនឹងកន្លែងជាក់ស្តែងក្នុងរថយន្តពិសោធន៍។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចុះត្រួតិនិត្យនេះពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបាន យល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕