(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រុមការងារយុវជន សមាគមកសិករដើម្បីអភិវឌ្ឍន៍ជិវភាព អង្គការ COMPED សមាគមស្រឡាញ់បរិស្ថាន និងសង្គម ព្រមទាំងវិស័យឯកជន បានចុះអប់រំ ណែនាំប្រជាពលរដ្ឋពីការទុកដាក់សំរាម សំណល់រឹង ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ នៅតាមទីតាំងកន្លែងប្រារព្ធពិធី នៅរាជធានីភ្នំពេញ។

ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវ អព្យាក្រឹតភាពកាបូន។ យុទ្ធសាស្រ្តចក្រា បានរៀបចំឡើងដោយមានការណែនាំនិងចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថាន កាន់តែមានប្រសិទ្ធភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរឱ្យដឹងថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ៣លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឬទ្ធិនារីកម្ពុជា រដ្ឋបាលខេត្តចំនួន១៣ ព្រមទាំងសមាគមជាតិនិងអន្តរជាតិជាច្រើនថែមទៀត៕