(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ និងទទួលភេសជ្ជៈ ចំនួន៧០០០កេស ដើម្បីចែកជូនដល់កីឡាករ កីឡាការិនីអុំទូក ដែលឧបត្ថម្ភពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវេីរីជីស (Khmer Beverages) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅជិតរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ។
ឆ្លៀតក្នុងឱកាសនេះដែរ អ្នកឧកញ៉ា លាង ម៉េង បានជម្រាបថា ក្រុមហ៊ុន ខ្មែរប៊ែវេីរីជីស សព្វថ្ងៃបាននិងកំពុងខិតខំកសាងក្រុមហ៊ុនរបស់ខ្លួនក្នុងឈ្មោះជាខ្មែរ ដេីម្បីឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាក៏មានក្រុមហ៊ុនស្តង់ដារ ដែលអន្តរជាតិទទួលស្គាល់ដែរ លេីសពីនេះទៅទៀត ក្រុមហ៊ុនតែងតែជួយឧបត្ថម្ភតាមរូបភាពផ្សេងៗ ដេីម្បីជួយអ្នកដែលមានទុក្ខលំបាក និងដេីម្បីជួយកសាងអភិវឌ្ឍប្រទេសជាតិទាំងមូល។
ជំនួសមុខមុខឱ្យលោក ឃួង ស្រេង លោក ឃ្លាំង ហួត សូមគោរពថ្លែងអំណរគុណដល់ក្រុមហ៊ុន តែងតែមានចិត្តសទ្ធាជ្រះថ្លា បានជួយឧបត្ថម្ភភេសជ្ជៈជូនចំណុះទូកនាពេលនេះ។ ដោយសារតែកត្តាសន្តិភាព ទេីបក្រុមហ៊ុនមានឱកាសកសាង និងអភិវឌ្ឍជោគជ័យសម្បូរសប្បាយ រហូតដល់មានលទ្ធភាពចូលរួមឧបត្ថម្ភត្រលប់ជូនជាតិ និងប្រជាជនវិញនាពេលនេះ។
លោក ឃ្លាំង ហួត ក៏បានផ្ដាំផ្ញេីទៅក្រុមហ៊ុនថាសន្តិភាពដែលសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន ក្នុងការថែរក្សា គឺសំខាន់ណាស់វាស្មេីនឹងអាយុជីវិតក្រុមហ៊ុនផ្ទាល់ សន្តិភាពមានដល់ពេលណាក្រុមហ៊ុននឹងមានបានដល់ពេលនោះ៕