(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ថវិកាចំនួន១០លានរៀល ដល់គណៈកម្មការទូក «ង» ខេត្តក្រចេះ ដើម្បីរួមចំណែកឧបត្ថមជូនក្រុមកីឡាករទូក «ង» ខេត្តក្រចេះទាំងអស់ដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីតាំងប្រមូលផ្ដុំក្រុមកីឡាករទូក «ង» ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អមដំណើរនាឱកាសនោះរួមមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលារាជធានីភ្នំពេញ និងខេត្តក្រចេះ ព្រមទាំងគណៈកម្មការចំណុះទូក «ង» ខេត្តក្រចេះ។

នៅក្នុងពិធីសំណេះសំណាលនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងថា ព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប នៅក្នុងឆ្នាំនេះ មានភាពអធិកអធម រៀបចំឡើងក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានផ្តាំផ្ញើសុំឱ្យក្រុមកីឡាករទូក «ង» ប្រចាំខេត្តក្រចេះទាំងអស់ថែទាំសុខភាព រក្សាអនាម័យល្អ និងខិតខំប្រឹងប្រែងយកជ័យជំនះជូនខេត្តក្រចេះទាំងមូល ដែលជាការរួមចំណែកលើកមុខមាត់ខេត្តក្រចេះ ឱ្យមានទទួលស្គាល់កាន់តែខ្លាំងថែមទៀតលើវិស័យកីឡាទូក «ង» នេះ។

គូសបញ្ជាក់ថា ទូកអុំខេត្តក្រចេះ សរុបមាន២០ទូក ក្នុងនោះមានទូកអុំខ្នាតពិសេស ៤ទូក និងទូកអុំខ្នាតអន្តរជាតិចំនួន១៦ទូក និងមានកីឡាករសរុបចំនួន៩៤៦រូប (កីឡាករបម្រុង ២៩៩រូប) ដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប នៅក្នុងឆ្នាំ២០២៣នេះ៕