(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីធ្លាក្រុងរណបជ្រោយចង្វារ(OCIC) ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និង​ដល់​សាធារ​ណជន​ទូទៅដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងដាស់តឿនក្រើនរំឭកដល់កីឡាករអុំទូក និងបងប្អូនជនរួមជាតិទាំងអស់ សូមឱ្យប្រុងប្រយ័ត្នបង្ការខ្លួនជាប់ជានិច្ចកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះជំងឺអេដស៍មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ លោកវេជ្ជបណ្ឌិតបានអំពាវនាវសុំឱ្យមានស្នេហាស្មោះត្រង់ប្តីមួយប្រពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅពេលមានដៃគូក្រៅ និងប្រញាប់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ប្រសិនបើសង្ស័យថា មានផ្ទុកមេរោគអេដស៍ ដើម្បីឆាប់បានទៅទទួលសេវាផ្តល់ប្រឹក្សា និងទទួលឱសថពន្យារជីវិតដោយឥតគិតថ្លៃ។ ការបង្ការកុំឱ្យឆ្លងមេរោគអេដស៍ គឺជាយុទ្ធសាស្រ្តស្នូលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ។ ការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ នៅតែជារបៀបឆ្លងដ៏ចំបង និងដ៏ស្រួចស្រាវបំផុត ជាពិសេសនៅពេលដែលមានព្រឹត្តការណ៍កម្សាន្តសប្បាយម្តងៗ ដែលបងប្អូនយើងខ្វះការការប្រុងប្រយ័ត្ន និងមិនប្រើប្រាស់ស្រោមអនាម័យ។

យុទ្ធនាការផ្សេព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំសុខភាពដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូនអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។

យុទ្ធនាការផ្សេព្វផ្សាយអប់រំនេះ បានរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា ទី(១)នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការដៃគូរួមមាន KHANA, MHC, CWPD & AHF  និងទី(២)នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្កការដៃគូរួមមាន KHANA, MHC, CWPD, AHF & RHAC​៕