(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ព្រះមហាក្សត្រទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ក្នុងនោះមានស្រី ៤៣ នាក់)។ នេះបើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

ក្នុងចំណោមទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនោះ រួមមាន៖

* ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់)
* ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់)
* ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់)
* ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
* ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
* លើកលែងទោស ស្ត្រី០១ នាក់  (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។

ជាមួយគ្នានេះ លោក គឹម សន្តិភាព បានបញ្ជាក់ថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

១៖ ចំពោះបទល្មើសទូទៅ
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ

២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕