(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានថ្លែងថា សមាគមមួយនេះមិនទាន់មានគម្រោងប្រើលុយរួម និងទិដ្ឋាការរួមនោះទេ។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឯវេទិកាពិភាក្សាស្តីពី «អនាគតអាស៊ាន៖ ភាពប្រឈម និងកាលានុវត្តភាព» នៅសណ្ឋាគារសាន់វេ ភ្នំពេញ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)។

លោកបណ្ឌិត កៅ គឹមហួន បានពន្យល់ថា ការដែលមិនអាចប្រើលុយរួមបាន ដោយសារតែបច្ចុប្បន្ននេះ និន្នាការនៃការចរាចរណ៍ប្រាក់ត្រូវបានប្រើប្រាស់យ៉ាងផុលផុសដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ពោលគឺមនុស្សមិននិយមប្រើប្រាស់ក្រដាសប្រាក់ដូចមុនឡើយ។ ជាមួយគ្នានេះ លោកបន្តថា អាស៊ានក៏មិនទាន់មានគម្រោងប្រើប្រាស់ទិដ្ឋាការរួមដូចប្រទេសនៅអឹរ៉ុបនោះដែរ។

កាលពីឆ្នាំ២០១៥ បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ បានគិតគូរពីការផ្តល់វីសារួម ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងតំបន់។ វីសារួមនេះ នឹងត្រូវផ្តល់ជូនសម្រាប់ភ្ញៀវទេសចរទាំងឡាយណាដែលចង់មកកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយគ្រាន់តែសូមវីសាមកកាន់ប្រទេសមួយរួចហើយពួកគេនឹងអាចទៅកម្សាន្តនៅប្រទេសណាទៀតក៏បានដែរនៅរក្នុងតំបន់នេះ។

នៅក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ាមេគង្គ (ACMAECS) លើកទី៦ នៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មេដឹកនាំ ACMECS បានជំរុញឱ្យមានការធ្វើដំណើរឆ្លងកាត់ព្រំដែននៅក្នុងបណ្តាប្រទេស ACMECS និងរៀបចំឱ្យមានកម្មវិធីរួមគ្នា ខាងផ្នែកទេសចរណ៍ដើម្បីសម្រេចឱ្យបាននូវទស្សនទាន «ប្រទេសប្រាំ ទិសដៅតែមួយ»។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានជំរុញឱ្យមានការលើកស្ទួយការសម្របសម្រួលការធ្វើដំណើរ ជាពិសេសការសម្របសម្រួលទិដ្ឋាការ និងការដឹកជញ្ជូននៅក្នុងប្រទេសសមាជិក ACMECS ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសសមាជិកបីផ្សេងទៀតនៃប្រទេស ACMECS ចូលរួមអនុវត្តន៍គម្រោងទិដ្ឋាការ ACMECS។
ប្រទេសដែលជាសមាជិក ACMECS រួមមានកម្ពុជា ថែ ឡាវ វៀតណាម និងភូមា៕