(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព» នៅសណ្ឋាគារសាន់វេ ភ្នំពេញ ក្រោមអធបតីភាព លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន។

ក្នុងវេទិកាពិភាក្សាខាងលើ លោកបណ្ឌិត កៅ គឹមហួន បានចែករំលែកការយល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហា ប្រឈម និងឱកាសដែលអាស៊ានអាចនឹងទទួលបានអំពីរបៀបនៃការពង្រឹង និងពង្រីកឥទ្ធិពលបន្ថែមទៀត ព្រមទាំងបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល។

ក.អ.ក សម្រេចលើកយកប្រធានបទខាងលើនេះមកពិភាក្សាក្នុងគោលបំណង ដើម្បីជួយអ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែម អំពីតួនាទីអាស៊ាន រួមទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និងសណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេស ដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។

វេទិកាពិភាក្សានេះ សមស្របបំផុតទៅនឹងបច្ចុប្បន្នភាពក្នុងតំបន់ និងពិភពលោក ហើយក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីតួនាទី និងអនាគតអាស៊ាន និងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕