(សៀមរាប)៖ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ (KIF) បានចេញសេចក្ដីថ្លែងការណ៍រួម ៦ចំណុច ស្ដីពីលទ្ធផល នៃមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដែលរៀបចំនៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

យោងតាមសេចក្ដីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា «ក្នុងនាមអង្គការកីឡាគុនខ្មែរអន្តរជាតិតែមួយគត់នៅលើពិភពលោក មានបេសកកម្ម “អភិរក្សដើម្បីអភិវឌ្ឍន៍ គុនខ្មែរ” និង“អភិវឌ្ឍន៍ដើម្បីអភិរក្សគុនខ្មែរ” ដែលជាប្រភេទយុទ្ធគុនអត្តសញ្ញាណជាតិខ្មែរ។ ក្នុងន័យនេះ សហព័ន្ធគុនខ្មែរអន្តរជាតិ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយមានប្រទេសជាសមាជិកចូលរួមដោយផ្ទាល់ចំនួន ១៧ប្រទេស និងប្រទេសជាសមាជិកផ្តល់សិទ្ធិប្រទានជាង ៤០ប្រទេស ដែលសរុបសមាជិកចូលរួម និងគាំទ្រមហាសន្និបាតមានចំនួន ៦០ប្រទេស។

អង្គមហាសន្និបាតសហព័ន្ធគុនខ្មែរអន្តរជាតិបានឯកភាពគ្នាដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ដូចខាងក្រោម៖

១. សហព័ន្ធគុនខ្មែរអន្តរជាតិ និងសមាជិកគុនខ្មែរទាំងអស់ បានឯកភាពគ្នារក្សាឲ្យបាននូវនិរន្តភាពនៃការរៀបចំប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។

២. សហព័ន្ធគុនខ្មែរអន្តរជាតិបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងយន្តការគ្រប់គ្រង ដឹកនាំសមាជិកទាំង៦០ប្រទេស និងបង្កើនសមាជិកភាពបន្ថែមឲ្យបាន ៧៥ប្រទេស នៅក្នុងអាណត្តិ៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឈានទៅដាក់ពាក្យស្នើសុំទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអង្គការកីឡាអន្តរជាតិពាក់ព័ន្ធ។

៣. សហព័ន្ធគុនខ្មែរអន្តរជាតិអំពាវនាវសុំការឧបត្ថម្ភគាំទ្រឲ្យមាន “ចលនាជាតិអភិវឌ្ឍគុនខ្មែរ” ដើម្បី

សម្រចបានគោលដៅយុទ្ធសាស្រ្តជាតិ “ការបញ្ចូលកីឡាគុនខ្មែរអន្តរជាតិទៅក្នុងកីឡាអូឡាំពិក”។

៤. សហព័ន្ធគុនខ្មែរអន្តរជាតិបើកទ្វារចំហរជានិច្ច រង់ចាំទទួលសមាជិកភាពគុនខ្មែរពីគ្រប់ប្រទេសនៅ

លើពិភពលោក។

៥. មហាសន្និបាត និងការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្ត

ទៅនៅព្រះរាជាណាចក្រកម្ពុជា ហើយការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកចាប់ពីឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅតាមប្រទេសជាសមាជិកដែលបានស្នើសុំ។ ប្រសិនបើប្រទេសជាសមាជិកមិនទទួលធ្វើម្ចាស់ផ្ទះ កម្ពុជាត្រូវរក្សាសិទ្ធិរៀបចំដើម្បីរក្សានិរន្តរភាពព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

៦. សហព័ន្ធគុនខ្មែរអន្តរជាតិប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍កីឡាយុត្តិធម៌ (Fair Play) និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដោយគោរពបទដ្ឋានគតិយុត្តនៃការប្រឆាំងដាច់ខាត ការប្រើប្រាស់សារធាតុលើកកម្លាំង (Anti-Doping Rule)»។

សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំរបស់ KIF ខាងលើ ត្រូវរៀបចំឡើង ១ថ្ងៃមុនការប្រកួតប្រដាល់គុនខ្មែរអន្ដរជាតិជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំការប្រកួតលើទឹកដីអង្គ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានកីឡាករ-កីឡាការិនីជិត ៧០នាក់ មកពី ១៧ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា រុស្ស៊ី ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវជាដើម។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី នៃសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ត្រូវបានមហាសន្និបាតឯកភាពគ្នាផងដែរ ដែលមានបេក្ខភាពចំនួន ១៧រូប ក្នុងនោះមានលោក មាម រ៉ា ជាប្រធាន និងលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកចម្រុះជាតិសាសន៍ផ្សេងទៀត ដូចជាជនជាតិបារាំង ជប៉ុន ឥណ្ឌា អ៊ីរ៉ង់ ម៉ាឡេស៊ី ថៃ និងហ្វីលីពីន ហើយក៏មានការរក្សា និងបញ្ចូលនូវសមាជិកជាជនជាតិខ្មែរមួយចំនួនផងដែរ៕